អំពីព័ន្ធកិច្ចដេរេក ព្រីនស៍

នៅជុំវិញពិភពលោក និងគ្រប់ពេលវេលា ព័ន្ធកិច្ចដេរេក ព្រីនស៍ កំពុងបង្រៀនព្រះគម្ពីរ ដោយចែករំលែកព្រះបន្ទូលរបស់ព្រះដែលមានអំណាចផ្លាស់ប្តូរជីវិត ទៅកាន់ពិភពលោកដែលត្រូវការយ៉ាងខ្លាំងនូវសេចក្ដីពិតក្នុងព្រះគម្ពីរ។

តើយើងជានរណា

ព័ន្ធកិច្ចដេរេក ព្រីនស៍ ជឿថាជីវិតត្រូវបានផ្លាស់ប្តូរនៅពេលដែលមនុស្សបានជួបព្រះយេស៊ូវ។ តាមរយៈការបង្កើតសិស្ស និងការបង្រៀនដ៏ត្រឹមត្រូវនៃព្រះបន្ទូលរបស់ព្រះ យើងបណ្តុះគំនិត ធ្វើឲ្យមានចិត្តក្លាហាន និងផ្តល់អំណាចដល់អ្នកជឿដើម្បីរស់នៅក្នុងភាពពេញលេញនៃការជួបនោះ។

ដោយយកកេរដំណែល និងកេរ្តិ៍ឈ្មោះរបស់គ្រូបង្រៀនព្រះគម្ពីរអន្តរជាតិដ៏ល្បីឈ្មោះលោកដេរេក ព្រីនស៍ ព័ន្ធកិច្ចនេះបន្តបម្រើជាធនធានដ៏សំខាន់សម្រាប់ព្រះវិហារ អ្នកផ្សាយដំណឹងល្អ គ្រូបង្រៀនគ្រីស្ទាន និងអ្នកជឿរាប់លាននាក់ជុំវិញពិភពលោក។ ជាមួយនឹងការិយាល័យថ្នាក់ជាតិ និងការិយាល័យផ្សព្វផ្សាយជាង 45 ដែលមានសកម្មភាពលាតសន្ធឹងលើទ្វីបចំនួន 6 ព័ន្ធកិច្ចដេរេក ព្រីនស៍ និងការខិតខំប្រឹងប្រែងរបស់យើងក្នុងការបំពាក់បំប៉នសិស្សឱ្យបង្កើតសិស្សសម្រាប់ព្រះគ្រីស្ទនឹងមិនលិចបាត់ទៅឡើយ។

បេសកកម្មរបស់យើង

អ្វីដែលយើងធ្វើ

ជារៀងរាល់ថ្ងៃ យើងកំពុងបង្រៀនព្រះគម្ពីរ និងបំពាក់បំប៉នអ្នកជឿឱ្យដើរតាមព្រះយេស៊ូវដោយភាពពេញលេញក្នុងសេចក្តីជំនឿ ប្រាជ្ញា និងសេចក្តីពិត។

តាមរយៈសេចក្តីបង្រៀនមិនចេះចប់របស់លោកដេរេក ព្រីនស៍ យើងបង្រៀនអ្នកជឿនៅគ្រប់ដំណាក់កាល និងជំហាននៃដំណើរជាគ្រីស្ទានរបស់ពួកគេ។ ការិយាល័យដែលផ្តោតលើព្រះគ្រីស្ទ និងប្រចាំតំបន់របស់យើងដំណើរការនៅជួរមុខនៃភាពជាសិស្សរបស់គ្រីស្ទបរិស័ទ ដោយប្រយុទ្ធប្រឆាំងនឹងភាពស្រេកឃ្លានខាងវិញ្ញាណ ជាមួយនឹងសេវាកម្ម និងធនធានជាច្រើនដែលធ្វើឱ្យមានការផ្លាស់ប្តូរពិតប្រាកដ។ មានដូចជា៖

ការបណ្តុះបណ្តាលអ្នកដឹកនាំ៖

ភាពជាដៃគូជាមួយអ្នកដឹកនាំក្រុមជំនុំ និងគ្រូគង្វាលក្នុងតំបន់ យើងផ្តល់ជូននូវធនធាន និងសម្ភារៈសិក្សាចាំបាច់ជាច្រើន ដើម្បីជួយពង្រឹងដល់ព័ន្ធកិច្ចនៅក្នុងមូលដ្ឋាន។

ធនធានសម្រាប់ការសិក្សា៖

មានជាការបោះពុម្ព វីដេអូ អូឌីយ៉ូ និងអនឡាញ ។ យើងបោះពុម្ព និងចែកចាយធនធានសិក្សា ដើម្បីបំពាក់បំប៉នដល់អ្នកជឿគ្រប់ទីកន្លែង។ សម្ភារៈភាគច្រើនដែលយើងផលិតត្រូវបានចែកចាយដោយឥតគិតថ្លៃ។

ការបកប្រែ៖

បំណងចិត្តរបស់យើងគឺចង់ឃើញមនុស្សចូលមើលការបង្រៀនដែលមានមូលដ្ឋានលើព្រះគម្ពីរជាភាសាដែលពួកគេអាចយល់បាន។

វគ្គសិក្សាព្រះគម្ពីរ៖

យើងផ្តល់ជូននូវវគ្គសិក្សាព្រះគម្ពីរដោយខ្លួនឯង ដើម្បីបង្រៀន និងបំពាក់បំប៉នដល់អ្នកជឿ។

ការតស៊ូមតិ៖

យើងលើកតម្កើងព្រះចេស្តា និងសិទ្ធិអំណាចនៃព្រះបន្ទូលរបស់ព្រះ ដោយលើកទឹកចិត្តអ្នកជឿឱ្យរីកចម្រើនក្នុងចំណេះ និងការយល់ដឹងអំពីព្រះគម្ពីររបស់ពួកគេនៅផ្ទះ ព្រះវិហារ សាលារៀន និងតាមអនឡាញ។

ការច្នៃប្រឌិត៖

ព័ន្ធកិច្ច ដេរេក ព្រីនស៍ កំពុងផ្សព្វផ្សាយទៅដល់មនុស្សកាន់តែច្រើនជាងពេលណាៗទាំងអស់ តាមរយៈគម្រោង និងគំនិតផ្តួចផ្តើមប្រកបដោយការច្នៃប្រឌិត។ យើងក៏កំពុងប្រើប្រាស់បច្ចេកវិទ្យាអ៊ីនធឺណិតតាមរយៈបណ្តាញសង្គម វីដេអូ អត្ថបទ កម្មវិធី (Apps) និងអ្វីៗជាច្រើនទៀតដើម្បីធ្វើការផ្សព្វផ្សាយ។

ប្រវត្តិសាស្ត្រ

វាបានចាប់ផ្តើមនៅឆ្នាំ 1971 នៅពេលដែលលោក ដេរេក ព្រីនស៍ បានបើកការិយាល័យជាផ្លូវការនៅក្នុងយានដ្ឋាននៃផ្ទះរបស់គាត់នៅ Fort Lauderdale រដ្ឋ Florida ។ ដើមឡើយត្រូវបានគេស្គាល់ថាជាការបោះពុម្ពផ្សាយរបស់លោក ដេរេក ព្រីនស៍ ។ វាគឺជាផលផ្លែនៃកិច្ចបំរើក្នុងការបង្រៀនព្រះគម្ពីរដ៏រីកចំរើនរបស់លោកដេរេក ដែលបានសាបព្រោះនៅក្នុងឆ្នាំ 1944 នៅពេលដែលព្រះអម្ចាស់មានបន្ទូលទៅកាន់គាត់ថា៖

«អ្នកត្រូវបានត្រាស់ហៅឲ្យធ្វើជាគ្រូបង្រៀនព្រះគម្ពីរ ដោយសេចក្ដីពិត សេចក្ដីជំនឿ និងសេចក្ដីស្រឡាញ់ ដែលមាននៅក្នុងព្រះគ្រីស្ទយេស៊ូវសម្រាប់មនុស្សជាច្រើន»។

ពាក្យទាំងនេះបានជំរុញកិច្ចខិតខំប្រឹងប្រែងរបស់លោកដេរេក ក្នុងការផ្តល់អាហារដល់អ្នកស្រេកឃ្លានខាងវិញ្ញាណ ដោយបំផុសគំនិតគាត់ឱ្យសរសេរសៀវភៅ និងបោះពុម្ពដោយខ្លួនឯងនូវសៀវភៅជាច្រើនរួមមាន "វគ្គសិក្សាព្រះគម្ពីរដោយខ្លួនឯង" (1969), "ការរំដោះដោយសេចក្តីពិត" (1966), "ប្រែចិត្ត ហើយជឿ" ( 1966) និងមានច្រើនទៀត។ ដោយមានសក្ខីកម្មចំពោះភាពជោគជ័យនៃសៀវភៅទាំងនេះ និងដោយភាពស្មោះត្រង់របស់ព្រះ តម្រូវការនៃការបោះពុម្ពផ្សាយរបស់លោកដេរេក ព្រីនស៍ បានកើនឡើងឥតឈប់ឈរ។

នៅឆ្នាំ 1972 ផលិតកម្មបានលើសពីសមត្ថភាពរបស់លោកដេរេក ដែល មានបុគ្គលិកតែម្នាក់គឺខ្លួនគាត់ ហើយលោកដេវីដ សេលបាយ “David Selby” (កូនប្រសាររបស់គាត់) ត្រូវបានអញ្ជើញឱ្យមកជួយ។

ការិយាល័យបរទេសត្រូវបានបើកនៅក្នុងប្រទេសនូវែលសេឡង់ អាហ្រ្វិកខាងត្បូង អូស្ត្រាលី កាណាដា ចក្រភពអង់គ្លេស និងហូឡង់ពេញមួយទសវត្សរ៍ឆ្នាំ 1980 ហើយក្តីសុបិនគឺចង់ឱ្យប្រទេសទាំងនោះមានសិស្សរឹងមាំ។ នៅចុងទស្សវត្សន៍លោក ដេរេក បានបញ្ចប់ដំណើរទេសចរណ៍បង្រៀនព្រះគម្ពីរជុំវិញពិភពលោកចំនួនបី ហើយកម្មវិធីវិទ្យុរបស់គាត់ត្រូវបានចាក់ផ្សាយយ៉ាងទូលំទូលាយនៅទូទាំងទ្វីបចំនួនប្រាំមួយ និងដប់ភាសា។

នៅឆ្នាំ 1990 ការបោះពុម្ពផ្សាយរបស់លោកដេរេក ព្រីនស៍ ត្រូវបានប្តូរឈ្មោះជាផ្លូវការថាព័ន្ធកិច្ចលោកដេរេក ព្រីនស៍។ ការចែកចាយសម្ភារៈបង្រៀនព្រះគម្ពីរដោយឥតគិតថ្លៃបានកើនកាន់តែខ្លាំងឡើង ដោយមានទាំងអស់ចំនួន 140 ប្រទេស ហើយសៀវភៅរបស់លោកដេរេកឥឡូវនេះមានច្រើនជាង 50 ភាសា។

សព្វថ្ងៃនេះព័ន្ធកិច្ចដេរេក ព្រីនស៍ មានការិយាល័យនៅជាង 45 ប្រទេសជុំវិញពិភពលោក ហើយនៅតែប្តេជ្ញាយ៉ាងស្មោះអស់ពីចិត្តក្នុងការបង្រៀនព្រះគម្ពីរនៅគ្រប់ជាតិសាសន៍ វប្បធម៌ និងភាសា។ ការរីកចម្រើន និងជោគជ័យនៃព័ន្ធកិច្ចនេះ បញ្ជាក់នូវពាក្យទំនាយដែល លោកដេរេក បានទទួលក្នុងឆ្នាំ 1941 នៅពេលដែលព្រះជាម្ចាស់មានបន្ទូលថា៖

«វានឹងដូចជាទឹកអូដ៏តូចមួយ ទឹកអូ នឹងក្លាយជាទន្លេ ទន្លេនឹងក្លាយជាទន្លេដ៏ធំ ទន្លេដ៏ធំនឹងក្លាយជាសមុទ្រ សមុទ្រនឹងក្លាយទៅជាមហាសមុទ្រដ៏ធំ ហើយវានឹងកើតឡើងតាមរយៈអ្នក ប៉ុន្តែ វាកើតឡើងដោយរបៀបណា អ្នកមិនអាចដឹង ក៏មិនអាចយល់បានដែរ»។

វាគឺជាភាពស្មោះត្រង់របស់ព្រះចំពោះព្រះបន្ទូលនេះ ដែលបានដឹកនាំព័ន្ធកិច្ចដេរេក ព្រីនស៍ ទៅកាន់កន្លែងដែលវាមានសព្វថ្ងៃនេះ ហើយនឹងបន្តដឹកនាំព័ន្ធកិច្ចនេះឲ្យក្លាយទៅជា "មហាសមុទ្រដ៏ធំ" ។

ជាមួយនឹងបណ្ណសារដ៏ធំនៃឯកសារជាការសរសេរ សំឡេង និងរូបភាពរបស់លោកដេរេក ព្រីនស៍ ធ្វើឲ្យព័ន្ធកិច្ចនេះនៅតែបន្តបោះពុម្ពសៀវភៅថ្មីបន្ថែមទៀត។ មកទល់ពេលនេះសៀវភៅជាង 100 ត្រូវបានបោះពុម្ព និងបកប្រែទៅជា 100 ភាសាជាង។

អ្វីដែលយើងជឿ

សេចក្តីថ្លែងការណ៍នៃសេចក្តីជំនឿ ។

  • ព្រះជាព្រះដ៏ពិតតែមួយនិងជាព្រះដ៏មានព្រះជន្មគង់នៅអស់កល្បជានិច្ចជាអង្គបុគ្គលនៃព្រះត្រៃឯក ព្រះបិតា ព្រះបុត្រានិងព្រះវិញ្ញាណបរិសុទ្ធ ។ ហើយថាទ្រង់ជាព្រះវិញ្ញាណគ្មានដែនកំណត់ អស់កល្បជានិច្ចមិនអាចផ្លាស់ប្តូរបានក្នុងសេចក្ដីស្រឡាញ់ សេចក្ដីមេត្តាករុណាអំណាច ប្រាជ្ញា និងសេចក្ដីសុចរិតរបស់ទ្រង់។1
  • ព្រះអម្ចាស់យេស៊ូវគ្រីស្ទគឺជាព្រះរាជបុត្រានៃព្រះ;ទ្រង់បានយកកំណើតនឹងនាងព្រហ្មចារី ។ទ្រង់ល្អឥតខ្ចោះទាំងនៅក្នុងភាពជាព្រះ និងមនុស្សជាតិ ។ទ្រង់សព្វព្រះហឫទ័យលះបង់ព្រះជន្មរបស់ទ្រង់ធ្វើជាយញ្ញបូជាជំនួសដ៏ល្អឥតខ្ចោះ និងគ្រប់គ្រាន់សម្រាប់អំពើបាបរបស់មនុស្ស។ តាមរយៈដង្វាយធួនរបស់ទ្រង់មនុស្សអាចទទួលបានសេរីភាពពីការផ្តន្ទាទោស កំហុសនិងឥទ្ធិពលនៃអំពើបាប។ទ្រង់បានរស់ពីសុគតឡើងវិញក្នុងរូបកាយដ៏រុងរឿងរបស់ទ្រង់ដែលឥឡូវនេះទ្រង់គង់នៅស្ថានសួគ៌ជាអ្នកទូលអង្វរជំនួសអ្នកជឿ ។ ហើយថាទ្រង់នឹងយាងមកម្ដងទៀតក្នុងព្រះកាយដ៏រុងរឿងរបស់ទ្រង់ដើម្បីបង្កើតនគររបស់ទ្រង់ ។2
  • ព្រះវិញ្ញាណបរិសុទ្ធគឺមានលក្ខណៈស្មើគ្នានៅក្នុងភាពជាព្រះជាមួយនឹងព្រះដ៏ជាព្រះវរបិតានិងជាមួយនឹងព្រះដ៏ជាព្រះរាជបុត្រា។ទ្រង់ធ្វើការអស្ចារ្យនៃកំណើតថ្មីនៅក្នុងអ្នកដែលទទួលព្រះគ្រីស្ទជាព្រះអង្គសង្គ្រោះ ហើឥឡូវនេះទ្រង់រស់នៅក្នុងអ្នកជឿ ។ទ្រង់ជាអ្នកបិទត្រាលើពួកគេរហូតដល់ថ្ងៃប្រោសលោះ។ទ្រង់ជាអ្នកផ្តល់អំណាចដល់ពួកគេសម្រាប់ការបម្រើ;និងផ្តល់អំណោយទាននៃព្រះគុណសម្រាប់ការស្អាងរូបកាយរបស់ព្រះគ្រីស្ទ។3
  • សេចក្តីពិតគឺដាច់ខាត និងមានគោលបំណង ។សេចក្តីពិតនៃការប្រោសលោះមានចែងនៅក្នុងបទគម្ពីរនៃគម្ពីរសញ្ញាចាស់ និងគម្ពីរសញ្ញាថ្មីដែលជាការបើកសម្តែងរបស់ព្រះដល់មនុស្សដោយការសរសេរដែលត្រូវបានបណ្តាលដោយព្រះវិញ្ញាណបរិសុទ្ធនិងគ្មានកំហុសឆ្គងនៅក្នុងសំនេរដើមឡ់យ ។ព្រះគម្ពីរគឺជាសិទ្ធិអំណាចកំពូលនិងចុងក្រោយបំផុតក្នុងគ្រប់បញ្ហានៃជំនឿ និងការអនុវត្ត ។4
  • ពួកជំនុំគឺជារូបកាយរួបរួមរបស់ព្រះគ្រីស្ទនៅលើផែនដីដែលមានសម្រាប់ការប្រកប ការពង្រឹងនិងសម្រាប់ទំនាក់ទំនងដំណឹងល្អទៅកាន់គ្រប់ជាតិសាសន៍តាមរយៈជីវិត និងជាស្មរបន្ទាល់នៃភាពជាគ្រីស្ទបរិស័ទ ។5
  • មនុស្សត្រូវបានបង្កើតឡើងឲ្យដូចរូបអង្គព្រះ ប៉ុន្តែតាមរយៈអំពើបាបរបស់លោកអ័ដាមបានក្លាយទៅជាការដាច់ចេញពីព្រះ ហើយត្រូវបានផ្តន្ទាទោសឲ្យមានទោសជារៀងរហូត ។មធ្យោបាយដោះស្រាយតែមួយគត់សម្រាប់ស្ថានភាពរបស់មនុស្ស គឺការសង្គ្រោះ តាមរយៈជំនឿរបស់បុគ្គលម្នាក់ៗផ្ទាល់ខ្លួននិងកិច្ចការរបស់ព្រះយេស៊ូវគ្រីស្ទនៅលើឈើឆ្កាង។6
  • បុគ្គលមានលក្ខណៈវិសេសអស្ចារ្យដែលលេចវត្តមានឡើងរួមមានទាំងទេវតាដែលមិនធ្លាក់ចុះ ទេវតាដែលធ្លាក់ចុះនិងអារក្ស ។សាតាំងជាមេដឹកនាំនៃពួកទេវតាដែលបានធ្លាក់ចុះគឺជាសត្រូវរបស់ព្រះ និងមនុស្សដែលត្រូវបានកំណត់រួចហើយនឹងទៅក្នុងបឹងភ្លើង ។7
  • នឹងមានការរស់ឡើងវិញខាងរូបកាយទាំងអ្នកដែលបានសង្រ្គោះនិងអ្នកដែលមិនបានសង្គ្រោះ ។អ្នកដែលត្រូវបានសង្គ្រោះនឹងមានជីវិតដ៏នៅអស់កល្បជានិច្ចហើយពួកអ្នកដែលមិនបានសង្គ្រោះនឹងត្រូវវិនាសអស់កល្បជានិច្ច។8
  1. អេសាយ៤៥:២២, ទំនុកតម្កើង ៩០:២; យ៉ូហាន ៤:២៤; កូរិនថូសទី២១៣:១៤
  2. ម៉ាថាយ ១:១៨–២៥; យ៉ូហាន១:១៤; កូល៉ុស ១:១៣–១៨; ពេត្រុសទី១ ២:២៤; លូកា ២៤;ហេព្រើរ ៤:១៤; ម៉ាថាយ ២៥:៣១–៤៦
  3. អេភេសូរ ៤:៣០;កូរិនថូសទី១ ៦:១៩; ១២:៤, ៧, ១២–១៣; កិច្ចការ ១:៥;ទីតុស ៣:៥
  4. ម៉ាថាយ ៥:១៨; ធីម៉ូថេទី២ ៣:១៥–១៧; ពេត្រុសទី២១:២០–២១
  5. ម៉ាថាយ ២៨:១៩–២០; កិច្ចការ ១:៦–៨, ២:៤១–៤២;កូរិនថូសទី១ ១២:១៣
  6. យ៉ូហាន៣:១៥–១៨; អេភេសូរ ១:៧; រ៉ូម ១០:៩–១០
  7. ហេព្រើរ១:៤–១៤; យូដាស ៦; ម៉ាថាយ ២៥:៤១; វិវរណៈ ២០:១០
  8. កូរិនថូសទី១ ១៥; ដានីយ៉ែល ១២:១–២; យ៉ូហាន៥:២៨–២៩; ថែស្សាឡូនីចទី២ ១:៧; ម៉ាថាយ ៥:១–១០
«ព្រះគម្ពីរគឺជាព្រះបន្ទូលរបស់ព្រះ។ វាគឺជាអំណោយដ៏អស្ចារ្យរបស់ព្រះដល់មនុស្សគ្រប់ទីកន្លែង»។

លោកដេរេក ព្រីនស៍1